ព្រះត្រៃបិដក ភាគ ៣៧
[៥៦៧] ម្នាលភិក្ខុទាំងឡាយ នេះឯងជាហេតុ ដែលនាំឲ្យពោជ្ឈង្គ ៧ បែកទៅជា ១៤។
[៥៦៨] គ្រានោះ ភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ (រឿងទាំងអស់ ដូចក្នុងបរិយាយសូត្រ)។ ម្នាលភិក្ខុទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកទាំងឡាយ គប្បីសួរ យ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចិត្តរួញរា ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនពោជ្ឈង្គអ្វីខ្លះ។ សម័យនោះ ជាកាលគួរនឹងចំរើនពោជ្ឈង្គអ្វីខ្លះ។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនពោជ្ឈង្គអ្វីខ្លះ។ សម័យនោះ ជាកាលគួរនឹងចំរើនពោជ្ឈង្គអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរ្ថិយ មុខជាដោះស្រាយមិនរួចផង នឹងដល់ នូវសេចក្តីចង្អៀតចង្អល់ចិត្ត ដ៏លើសលុបផង។
ID: 636852164507038735
ទៅកាន់ទំព័រ៖