ព្រះត្រៃបិដក ភាគ ៣៧
ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មិនមែនជាវិស័យ របស់ពួកបរិព្វាជកទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញអ្នកណា ដែលគួរដោះស្រាយប្រស្នាទាំងនេះ ឲ្យពេញចិត្តបាន លើកតែតថាគត ឬសាវករបស់តថាគត ឬក៏បុគ្គល ដែលបានស្តាប់អំពីសាវក របស់តថាគតចេញ។
[៥៦៩] ម្នាលភិក្ខុទាំងឡាយ បើចិត្តរួញរាក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តដែលរួញរា ចិត្តនោះ មិនងាយនឹងឲ្យស្ទុះឡើង ដោយធម៌ទាំងឡាយនុ៎ះបានទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងបង្កាត់ភ្លើងតូចឲ្យឆេះ បុរសនោះ ក៏ដាក់ស្មៅស្រស់ផង ដាក់គោម័យស្រស់ផង ដាក់ឧសស្រស់ផង ផ្លុំខ្យល់លាយទឹកផង រោយអាចម៍ដីផង ក្នុងភ្លើងតូចនោះ តើបុរសនោះ គួរនឹងបង្កាត់ភ្លើងតូច ឲ្យឆេះបានឬទេ។
ID: 636852164735171783
ទៅកាន់ទំព័រ៖