ព្រះត្រៃបិដក ភាគ ៣៧
[៥៧២] ម្នាលភិក្ខុទាំងឡាយ បើចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ចិត្តនោះ ងាយឲ្យស្ងប់រម្ងាប់បាន ដោយធម៌ទាំងឡាយនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងលត់គំនរភ្លើងធំ បុរសនោះ ក៏ដាក់ស្មៅស្រស់ផង ដាក់គោម័យស្រស់ផង ដាក់ឧសស្រស់ផង ផ្លុំខ្យល់លាយទឹកផង រោយអាចម៍ដីផង ក្នុងគំនរភ្លើងធំនោះ តើបុរសនោះ គួរនឹងលត់គំនរភ្លើងធំបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស បើយ៉ាងនេះ លត់បាន។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គ។
ID: 636852165577469960
ទៅកាន់ទំព័រ៖