ព្រះត្រៃបិដក ភាគ ៣៧
[៥៨០] នែលោកដ៏មានអាយុទាំងឡាយ ចុះក្នុងរឿងនេះ មានសេចក្តីវិសេស
ដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគ្នាដូចម្តេច របស់ព្រះសមណគោតមក្តី យើងក្តី អំពីដំណើរធម៌ទេសនា នឹងធម៌ទេសនា អំពីពាក្យប្រៀនប្រដៅ នឹងពាក្យប្រៀនប្រដៅ។
[៥៨១] គ្រានោះឯង ពួកភិក្ខុទាំងនោះ មិនបានត្រេកអរ មិនបានឃាត់ហាមភាសិត របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញទៅ ដោយគិតគ្នាថា យើងគង់នឹងដឹងសេចក្តី នៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។
[៥៨២] លំដាប់នោះឯង ភិក្ខុទាំងនោះ ត្រាច់ទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម លុះកន្លងបិណ្ឌបាត ក្នុងកាលជាខាងក្រោយភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានទូលស្នើសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ ដូច្នេះថា
ID: 636852166826231385
ទៅកាន់ទំព័រ៖