ព្រះត្រៃបិដក ភាគ ៣៧
អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់ ដែលមិនគួរខ្ពើម ថាជារបស់គួរខ្ពើម ដូច្នេះ ទៅជាអ្នកមានសេចក្តីសំគាល់ ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន។ បេ។ បើប្រាថ្នាថា សូមឲ្យអាត្មាអញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺរបស់មិនគួរខ្ពើម និងរបស់គួរខ្ពើម ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ដូច្នេះ ទៅជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ក្នុងរបស់នោះ ហើយកន្លងបង់នូវរូបសញ្ញាសព្វអន្លើ រលត់នូវបដិឃសញ្ញា មិនយកចិត្តទុកដាក់ នូវនានត្តសញ្ញា ក៏ចូលកាន់អាកាសានញ្ចាយតនៈ ដោយបរិកម្មថា អាកាសមិនមានទីបំផុត។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅករុណាចេតោវិមុត្តិថា មានអាកាសានញ្ចាយតនៈដ៏ឧត្តម។ បើភិក្ខុមិនទាន់ចាក់ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់មានក្នុងលោកនេះដែរ។
ID: 636852168561370629
ទៅកាន់ទំព័រ៖