ព្រះត្រៃបិដក ភាគ ៣៧
[៦០៩] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹកល្អក់ កករ កើតជាកណ្តេង គេទុកដាក់ក្នុងទីងងឹត បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់ឡើយ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ហើយ រមែងមិនដឹង មិនឃើញនូវការរលាស់វិចិកិច្ឆា ដែលកើតហើយ ច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍អ្នកដទៃច្បាស់លាស់ផង ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី ក៏មានឧបមេយ្យដូច្នោះដែរ។
[៦១០] ម្នាលព្រាហ្មណ៍ នេះជាហេតុ នេះជាបច្ច័យ បានជាជួនកាលមន្តទាំងឡាយ សូម្បីស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចាំបាច់និយាយថ្វី។
ID: 636852179542228698
ទៅកាន់ទំព័រ៖