ព្រះត្រៃបិដក ភាគ ៣៧
[៦២២] ម្នាលព្រាហ្មណ៍ ពោជ្ឈង្គទាំង ៧ នេះឯង ជាធម៌មិនរារាំង មិនបាំងបិទមិនមានគ្រឿងសៅហ្មងចិត្ត បើអប់រំបន្ទុំឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ។ ពោជ្ឈង្គ ទាំង ៧ តើដូចម្តេចខ្លះ។ ម្នាលព្រាហ្មណ៍ សតិសម្ពោជ្ឈង្គ ជាធម៌មិនរារាំង មិនបិទបាំង មិនមានគ្រឿងសៅហ្មងចិត្ត បើអប់រំបន្ទុំឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ។ បេ ។ ម្នាលព្រាហ្មណ៍ ឧបេក្ខាសម្ពោជ្ឈង្គ ជាធម៌មិនរារាំង មិនបាំងបិទ មិនមានគ្រឿងសៅហ្មងចិត្ត បើអប់រំបន្ទុំឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ ។ ម្នាលព្រាហ្មណ៍ ពោជ្ឈង្គ ទាំង ៧ នេះហើយ ដែលជាធម៌មិនរារាំង មិនបាំងបិទ មិនមានគ្រឿងសៅហ្មងចិត្ត ដែលអប់រំបន្ទុំហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ ។
[៦២៣] កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សគារវព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់តាំងអំពីថ្ងៃនេះតទៅ។
ID: 636852181329590930
ទៅកាន់ទំព័រ៖