ព្រះត្រៃបិដក ភាគ ៣៧
[៦២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់សម្រេចព្រះឥរិយាបថលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង អភយរាជកុមារស្តេចចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះអភយរាជកុមារ គង់ក្នុងទីដ៏សមគួរហើយ ទើបទ្រង់ត្រាស់សួរព្រះដ៏មានព្រះភាគ ដូច្នេះថា
[៦២៥] បពិត្រព្រះអង្គដ៏ចំរើន បូរណកស្សប បាននិយាយយ៉ាងនេះថា ហេតុបច្ច័យ នៃការមិនដឹង មិនឃើញ មិនមានឡើយ ការមិនដឹង មិនឃើញ ឥតមានហេតុ ឥតមានបច្ច័យទេ។ ហេតុបច្ច័យនៃការដឹង ការឃើញ មិនមានឡើយ ការដឹង ការឃើញ ឥតមានហេតុ ឥតមានបច្ច័យទេ។ ចុះព្រះអង្គ ទ្រង់ត្រាស់ក្នុងសេចក្តីនេះ ថាដូចម្តេច។
[៦២៦] ម្នាលរាជកុមារ ហេតុបច្ច័យនៃការមិនដឹង មិនឃើញ រមែងមាន ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ។ ម្នាលរាជកុមារ ហេតុបច្ច័យ នៃការដឹង ការឃើញ មាន ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ។
ID: 636852181622357675
ទៅកាន់ទំព័រ៖