ព្រះត្រៃបិដក ភាគ ៣៧
[៦៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនសរសើរបដិបទាខុស របស់គ្រហស្ថក្តី របស់បព្វជិតក្តីទេ។ ម្នាលភិក្ខុទាំងឡាយ គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិខុសហើយ រមែងមិនញ៉ាំងធម៌ ដែលបណ្ឌិគប្បីដឹង គឺអរិយមគ្គ ជាកុសល ឲ្យសម្រេចបាន ព្រោះហេតុនៃអធិករណ៍ គឺប្រតិបត្តិខុសទេ។ ម្នាលភិក្ខុទាំងឡាយ បដិបទាខុស តើដូចម្តេច។ អ្វីខ្លះ។ គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទាខុស។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនសរសើរបដិបទាខុស របស់គ្រហស្ថក្តី របស់បព្វជិតក្តីទេ។ ម្នាលភិក្ខុទាំងឡាយ គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិខុសហើយ រមែងមិនញ៉ាំងធម៌ ដែលបណ្ឌិតគប្បីដឹង គឺអរិយមគ្គ ជាកុសល ឲ្យសម្រេចបាន ព្រោះហេតុនៃអធិករណ៍ គឺប្រតិបត្តិខុសទេ។
ID: 636851754740481428
ទៅកាន់ទំព័រ៖