ព្រះត្រៃបិដក ភាគ ៣៧
[៧១] ម្នាលភិក្ខុទាំងឡាយ អសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញខុស ត្រិះរិះខុស និយាយខុស ធ្វើការងារខុស ចិញ្ចឹមជីវិតខុស ព្យាយាមខុស រឭកខុស ដំកល់ចិត្តខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស។
[៧២] ម្នាលភិក្ខុទាំងឡាយ សប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ ត្រិះរិះត្រូវ និយាយត្រូវ ធ្វើការងារត្រូវ ចិញ្ចឹមជីវិតត្រូវ ព្យាយាមត្រូវ រឭកត្រូវ ដំកល់ចិត្តត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាសប្បុរស។
[៧៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវអសប្បុរសផង នូវអសប្បុរស ដ៏លើសជាងអសប្បុរសទៅទៀតផង ដល់អ្នកទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវសប្បុរសផង នូវសប្បុរសដ៏លើសជាងសប្បុរសទៅទៀតផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។
ID: 636852072481505175
ទៅកាន់ទំព័រ៖