ព្រះត្រៃបិដក ភាគ ៣៧
[១០២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវសាមញ្ញគុណ និងប្រយោជន៍ នៃសាមញ្ញគុណ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវសេចក្តីនោះចុះ។
[១០៣] ម្នាលភិក្ខុទាំងឡាយ ចុះសាមញ្ញគុណ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សាមញ្ញគុណ។
[១០៤] ម្នាលភិក្ខុទាំងឡាយ ចុះប្រយោជន៍ នៃសាមញ្ញគុណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈឯណា ជាទីអស់ទៅ នៃរាគៈ ជាទីអស់ទៅនៃទោសៈ ជាទីអស់ទៅនៃមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រយោជន៍នៃសាមញ្ញគុណ។
[១០៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវព្រហ្មញ្ញគុណ និងផល របស់ព្រហ្មញ្ញគុណទាំងឡាយ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។
ID: 636852076760189902
ទៅកាន់ទំព័រ៖