ព្រះត្រៃបិដក ភាគ ៣៧
[១១០] ម្នាលភិក្ខុទាំងឡាយ ចុះប្រយោជន៍របស់ព្រហ្មញ្ញគុណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈឯណា ជាទីអស់ទៅ នៃរាគៈ ជាទីអស់ទៅ នៃទោសៈ ជាទីអស់ទៅនៃមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រយោជន៍ នៃព្រហ្មញ្ញគុណ។
[១១១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវព្រហ្មចរិយៈ និងផលរបស់ព្រហ្មចរិយទាំងឡាយ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។
[១១២] ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្រហ្មចរិយៈ។
[១១៣] ម្នាលភិក្ខុទាំងឡាយ ចុះផលទាំងឡាយ របស់ព្រហ្មចរិយៈ តើដូចម្តេច។ គឺសោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផលរបស់ព្រហ្មចរិយទាំងឡាយ។
ID: 636852077430978269
ទៅកាន់ទំព័រ៖