ព្រះត្រៃបិដក ភាគ ៣៧
អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្តល្អ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
[១៣១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលរះឡើង។ ម្នាលភិក្ខុទាំងឡាយ ការបរិបូណ៌ដោយសីល នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង ដល់ភិក្ខុដោយប្រការយ៉ាងនេះដែរ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលបរិបូណ៌ដោយសីល។បេ។
[១៣២] គឺការបរិបូណ៌ដោយសេចក្តីពេញចិត្ត។បេ។
[១៣៣] គឺការបរិបូណ៌ដោយចិត្តជ្រះថ្លា។បេ។
[១៣៤] គឺការបរិបូណ៌ដោយការឃើញ។បេ។
[១៣៥] គឺការបរិបូណ៌ដោយសេចក្តីមិនប្រមាទ។បេ។
[១៣៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលរះឡើង។
ID: 636852080260910132
ទៅកាន់ទំព័រ៖