ព្រះត្រៃបិដក ភាគ ៣៧
[១៥៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
[១៥៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌១ មានឧបការៈច្រើន ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង។ ធម៌១ តើដូចម្តេច។ គឺការមានមិត្តល្អ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកមានមិត្តល្អ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។
ID: 636852082676438292
ទៅកាន់ទំព័រ៖