ព្រះត្រៃបិដក ភាគ ៣៧
[១៣] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ត្រាច់ទៅក្នុងក្រុងសាវត្ថី ដើម្បីបិណ្ឌបាត្រ លុះត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងកាលជាខាងក្រោយនៃភត្ត ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញជាណុស្សោណិព្រាហ្មណ៍ បររថទឹមដោយមេសេះសសុទ្ធ ចេញអំពីក្រុងសាវត្ថី ជាណុស្សោណិព្រាហ្មណ៍ ទឹមសេះស មានគ្រឿងប្រដាប់ក៏ស រថក៏ស មានគ្រឿងបិទបាំងក៏ស ខ្សែក៏ស ដងជន្លួញក៏ស ឆ័ត្រក៏ស ឆ្នួតក្បាលក៏ស សំពត់ក៏ស ស្បែកជើងក៏ស គេបក់ដោយផ្លិតរោមសត្វក៏សទៀត។ ជនបានឃើញជាណុស្សោណិព្រាហ្មណ៍នោះហើយ ក៏ពោលយ៉ាងនេះថា អើហ្ម៎ យានប្រសើរពេកណាស់ អើហ្ន៎ យានមានសភាពដូចជាយានរបស់ព្រហ្ម។ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គ អាចនឹងបញ្ញត្ត នូវព្រហ្មយាន ក្នុងធម្មវិន័យនេះបានដែរឬ។
ID: 636851745715695240
ទៅកាន់ទំព័រ៖