ព្រះត្រៃបិដក ភាគ ៣៧
រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ចុះស៊ប់ទៅក្នុងអមតៈ មានអមតៈជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ ចុះស៊ប់ទៅក្នុងអមតៈ មានអមតៈជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មានអមតៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
[២១៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេយមុនា ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
[២១៧]សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង។បេ។
ID: 636852090548448545
ទៅកាន់ទំព័រ៖