ព្រះត្រៃបិដក ភាគ ៣៧
ឯសនាវគ្គ
[២៩៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន៣យ៉ាង។ ការស្វែងរក ៣យ៉ាង តើអ្វីខ្លះ។ គឺការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន៣យ៉ាង នេះឯង។
[២៩៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាង នេះឯង។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរំលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីដឹងច្បាស់ នូវការស្វែងរក ៣យ៉ាង នេះឯង។
ID: 636852113899264136
ទៅកាន់ទំព័រ៖