ព្រះត្រៃបិដក ភាគ ៣៧
អញ្ញតិត្ថិយវគ្គ
[១១៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរពួកអ្នក យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះសមណគោតម មានប្រយោជន៍អ្វី។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរយ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីនឿយណាយ ចាករាគៈ។
[១១៨] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរពួកអ្នក យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ ចុះមគ្គ និងបដិបទា ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ចាករាគៈ មានដែរឬ។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរយ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ មគ្គ និងបដិបទា ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ចាករាគៈ មានដែរ។
ID: 636852078311258618
ទៅកាន់ទំព័រ៖