ព្រះត្រៃបិដក ភាគ ៣៨
[១២៤] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ដែលបុគ្គលឯណានីមួយ ខ្វល់ខ្វាយហើយ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ជាទីទៅកាន់ព្រះនិព្វាន ជាគ្រឿងអស់ទៅ នៃទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ បានខ្វល់ខ្វាយហើយដែរ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ដែលបុគ្គលឯណានីមួយ ប្រារព្វហើយ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ជាទីទៅកាន់ព្រះនិព្វាន ជាគ្រឿងអស់ទៅ នៃទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ បានប្រារព្ធហើយដែរ។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះឯង ដែលបុគ្គលឯណានីមួយ ខ្វល់ខ្វាយហើយ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ជាទីទៅកាន់ព្រះនិព្វាន ជាគ្រឿងអស់ទៅ នៃទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ បានខ្វល់ខ្វាយហើយដែរ។
ID: 636852263473139272
ទៅកាន់ទំព័រ៖