ព្រះត្រៃបិដក ភាគ ៣៨
[១២៩] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ ពិចារណាឃើញ នូវកាយក្នុងកាយ ឆន្ទៈឯណា មានក្នុងកាយ ភិក្ខុក៏បានលះបង់ឆន្ទៈនោះចេញ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះលះបង់នូវឆន្ទៈ។
[១៣០] ភិក្ខុពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ បានពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ឆន្ទៈឯណា មានក្នុងវេទនា ភិក្ខុក៏បានលះបង់ឆន្ទៈនោះចេញ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះលះបង់នូវឆន្ទៈ។
ID: 636852264366390363
ទៅកាន់ទំព័រ៖