ព្រះត្រៃបិដក ភាគ ៣៨
[១៤៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីមានស្មារតី នេះជាពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកមានស្មារតីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី។ ពិចារណាឃើញ នូវវេទនាក្នុងវេទានទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីមានស្មារតី នេះជាពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។
[១៤៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលពោលថា កុសលរាសី ដូច្នេះ កាលបើពោលឲ្យត្រូវ គប្បីពោលចំពោះសតិប្បដ្ឋាន ៤។ ម្នាលភិក្ខុទាំងឡាយ ដ្បិតថាកុសលរាសីទាំងអស់នេះ ក៏គឺសតិប្បដ្ឋាន ៤ នេះឯង។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅ កិលេស
ID: 636852267146619383
ទៅកាន់ទំព័រ៖