ព្រះត្រៃបិដក ភាគ ៣៨
ឥន្ទ្រិយសំយុត្ត
សុទ្ធិកវគ្គ
[១៦៦] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាឥន្ទ្រិយ ៥ ប្រការ។
[១៦៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ កាលណាអរិយសាវក ដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើង និងរលត់ទៅ អានិសង្ស និងទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ទាំង ៥ នេះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកនេះ ហៅថា សោតាបន្ន មានកិរិយាមិនធ្លាក់ចុះជាធម្មតា មានគតិទៀង មានការត្រាស់ដឹងទៅខាងមុខ។
ID: 636852270100078311
ទៅកាន់ទំព័រ៖