ព្រះត្រៃបិដក ភាគ ៣៨
[១៦៨] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ កាលណាអរិយសាវក ដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើង រលត់ទៅ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ទាំង ៥ នេះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកនេះ ហៅថាសោតាបន្ន មានការមិនធ្លាក់ចុះជាធម្មតា មានគតិទៀង មានការត្រាស់ដឹងទៅខាងមុខ។
[១៦៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសតិន្ទ្រិយ ១ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុ ដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើង រលត់ទៅ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយទាំង ៥ នេះ រមែងជាអ្នករួចស្រឡះ ព្រោះមិនមានសេចក្តីប្រកាន់មាំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា អរហន្តខីណាស្រព មានព្រហ្មចរិយ ប្រព្រឹត្តរួចហើយ មានសោឡសកិច្ចធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍នៃខ្លួន សម្រេចហើយមានសញ្ញោជនៈ ក្នុងភពអស់ហើយ រួចស្រឡះហើយ ព្រោះត្រាស់ដឹងដោយប្រពៃ។
ID: 636852270376224106
ទៅកាន់ទំព័រ៖