ព្រះត្រៃបិដក ភាគ ៣៨
[១៨៦] ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដ៏ប្រសើរ ជាគ្រឿងកំណត់ នូវសេចក្តី កើតឡើង និងរលត់ ជាចំណែក នៃសេចក្តីនឿយណាយ ជាធម្មជាតិប្រព្រឹត្តទៅ ដើម្បីដល់នូវសេចក្តីអស់ទៅ នៃទុក្ខដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បញ្ញិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ មាន ៥ ប្រការដូច្នេះឯង។
[១៨៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។
[១៨៨] ម្នាលភិក្ខុទាំងឡាយ ចុះសទ្ធិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានសទ្ធា ជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់ នូវត្រៃលោក ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាសើ្ម ទូន្មាននូវបុរស ដែលគួរ ទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹង នូវអរិយសច្ចធម៌ លែងវិលមកកាន់ភពថ្មីទៀត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធិន្ទ្រិយ។
ID: 636852272322705438
ទៅកាន់ទំព័រ៖