ព្រះត្រៃបិដក ភាគ ៣៨
[១៨៩] ម្នាលភិក្ខុទាំងឡាយ ចុះវិរិយិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រារព្ធព្យាយាម ដើម្បីលះបង់ពួកអកុសលធម៌ ដើម្បីញុំាងពួកកុសលធម៌ ឲ្យបរិបូណ៌ មានសេចក្តីប្រឹងប្រែង មានសេចក្តីខ្នះខ្នែងមាំ មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ។ អរិយសាវកនោះ ញុំាងឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីញុំាងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន។ ញុំាងឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយ។ ញុំាងឆន្ទៈ ឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលមិនទាន់ កើតឡើង ឲ្យកើតឡើងបាន។ ញុំាងឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ឲ្យដល់ព្រម មិនឲ្យវិនាស ឲ្យចំរើនធំទូលាយ ពេញបរិបូណ៌ក្រៃលែង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិរិយិន្ទ្រិយ។
ID: 636852272538697792
ទៅកាន់ទំព័រ៖