ព្រះត្រៃបិដក ភាគ ៣៨
[២២៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៦ ប្រការ។ ឥន្ទ្រិយ ៦ ប្រការ ដូចម្តេចខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១។
[២៣០] ម្នាលភិក្ខុទាំងឡាយ កាលតថាគតនៅមិនទាន់ដឹងច្បាស់តាមពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ៦ នេះ ដរាបណា។ ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មិនប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀត ក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ដរាបនោះ។
ID: 636852606514760130
ទៅកាន់ទំព័រ៖