ព្រះត្រៃបិដក ភាគ ៣៨
[២៣១] ម្នាលភិក្ខុទាំងឡាយ កាលណាតថាគតដឹងច្បាស់តាមពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ៦ នេះ។ ម្នាលភិក្ខុទាំងឡាយ កាលណោះ ទើបតថាគត ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀត ក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស។ មួយវិញទៀត សេចក្តីដឹង និងសេចក្តីឃើញ ក៏កើតឡើង ដល់តថាគតថា សេចក្តីរួចស្រឡះ របស់តថាគត មិនត្រឡប់ កម្រើកទៀតឡើយ ជាតិនេះ ជាទីបំផុត (ត្រឹមណេះហើយ) ឥឡូវនេះ ភពថ្មី មិនមានឡើយ។
[២៣២] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៦ ប្រការ។ ឥន្ទ្រិយ ៦ ប្រការ ដូចម្តេចខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១។
ID: 636852606739182967
ទៅកាន់ទំព័រ៖