ព្រះត្រៃបិដក ភាគ ៣៨
[២៥៨] ម្នាលភិក្ខុទាំងឡាយ ចុះទោមនស្សិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីមិនត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងចិត្ត បុគ្គលក៏បានសោយ នូវសេចក្តី
ទុក្ខ និងសេចក្តីមិនត្រេកអរនោះ ដែលកើតអំពីមនោសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទោមនស្សិន្ទ្រិយ។
[២៥៩] ម្នាលភិក្ខុទាំងឡាយ ចុះឧបេក្ខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបានសោយ នូវអារម្មណ៍ជាទីត្រេកអរ ក៏មិនមែន មិនជាទីត្រេកអរ ក៏មិនមែនឯណា ដែលប្រព្រឹត្តទៅ ក្នុងកាយក្តី ប្រព្រឹត្តទៅ ក្នុងចិត្តក្តី។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឧបេក្ខិន្ទ្រិយ។
[២៦០] ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ សុខិន្ទ្រិយ និងសោមនស្សិន្ទ្រិយ បណ្ឌិតគប្បីឃើញថា ជាសុខវេទនា។
[២៦១] ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ ទុក្ខិន្ទ្រិយ និងទោមនស្សិន្ទ្រិយ បណ្ឌិត គប្បីឃើញថា ជាទុក្ខវេទនា។
[២៦២] ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ ឧបេក្ខិន្ទ្រិយនេះ បណ្ឌិតគប្បីឃើញថា ជាអទុក្ខមសុខវេទនា។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ មាន ៥ យ៉ាងនេះឯង។
ID: 636852610123276526
ទៅកាន់ទំព័រ៖