ព្រះត្រៃបិដក ភាគ ៣៨
[២៦៧] ម្នាលភិក្ខុទាំងឡាយ ចុះទោមនស្សិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីមិនត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងចិត្ត បុគ្គលបានសោយ នូវសេចក្តីទុក្ខ និងសេចក្តីមិនត្រេកអរនោះ ដែលកើតអំពីមនោសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាទោមនស្សិន្ទ្រិយ។
[២៦៨] ម្នាលភិក្ខុទាំងឡាយ ចុះឧបេក្ខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបានសោយ នូវអារម្មណ៍ជាទីត្រេកអរ ក៏មិនមែន មិនជាទីត្រេកអរ ក៏មិនមែនឯណា ដែលប្រព្រឹត្តទៅ ក្នុងកាយក្តី ប្រព្រឹត្តទៅ ក្នុងចិត្តក្តី។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាឧបេក្ខិន្ទ្រិយ។
[២៦៩] ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ សុខិន្ទ្រិយ និងសោមនស្សិន្ទ្រិយ បណ្ឌិតគប្បីឃើញថា ជាសុខវេទនា។
[២៧០] ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ ទុក្ខិន្ទ្រិយ និងទោមនស្សិន្ទ្រិយ បណ្ឌិតគប្បីឃើញថា ជាទុក្ខវេទនា។
[២៧១] ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ ឧបេក្ខិន្ទ្រិយនេះ បណ្ឌិតគប្បីឃើញថា ជាអទុក្ខមសុខវេទនា។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ យ៉ាងនេះ ចែកជា ៥ ឬបំប្រួញមកជា ៣ ក៏បាន ឬ ៣ ចែកជា ៥ ក៏បាន ដោយបរិយាយ ដូច្នេះឯង។
ID: 636852610704159750
ទៅកាន់ទំព័រ៖