ព្រះត្រៃបិដក ភាគ ៣៨
[២៧២] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ យ៉ាង។ ៥ យ៉ាង គឺអ្វីខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។
[២៧៣] ម្នាលភិក្ខុទាំងឡាយ សុខិន្ទ្រិយកើតឡើង ព្រោះអាស្រ័យនូវផស្សៈ ដែលជាបច្ច័យ នៃសុខវេទនា។ បុគ្គលនោះ កាលបើដល់នូវសេចក្តីសុខ ក៏រមែងដឹងច្បាស់ថា អាត្មាអញ ជាអ្នកដល់នូវសេចក្តីសុខ រមែងដឹងច្បាស់ថា សុខិន្ទ្រិយឯណា កើតឡើងហើយ ព្រោះអាស្រ័យ នូវផស្សៈជាបច្ច័យ នៃសុខវេទនាកើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ សុខិន្ទ្រិយនោះ ក៏រលត់ទៅ សុខិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះរលត់ផស្សៈ ជាបច្ច័យ នៃសុខវេទនានោះឯង។
[២៧៤] ម្នាលភិក្ខុទាំងឡាយ ទុក្ខិន្ទ្រិយកើតឡើង ព្រោះអាស្រ័យ នូវផស្សៈជាបច្ច័យ នៃទុក្ខវេទនា។ បុគ្គលនោះ កាលបើដល់នូវសេចក្តីទុក្ខ ក៏រមែងដឹងច្បាស់ថា អាត្មាអញ ជាអ្នកដល់នូវសេចក្តីទុក្ខ រមែងដឹងច្បាសថា ទុក្ខិន្ទ្រិយឯណា កើតឡើងហើយ ព្រោះអាស្រ័យ នូវផស្សៈជាបច្ច័យ នៃទុក្ខវេទនាកើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ ទុក្ខិន្ទ្រិយនោះ ក៏ រលត់ទៅ ទុក្ខិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះរលត់ផស្សៈ ជាបច្ច័យនៃទុក្ខវេទនានោះឯង។
ID: 636852610953514013
ទៅកាន់ទំព័រ៖