ព្រះត្រៃបិដក ភាគ ៣៨
[២៧៥] ម្នាលភិក្ខុទាំងឡាយ សោមនស្សិន្ទ្រិយកើតឡើង ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យ នៃសោមនស្សវេទនា។ បុគ្គលនោះ កាលបើមានចិត្តរីករាយ ក៏រមែងដឹងច្បាស់ថា អាត្មាអញ ជាអ្នកមានចិត្តរីករាយ រមែងដឹងច្បាស់ថា សោមនស្សិន្ទ្រិយឯណា កើតឡើងហើយ ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យ នៃសោមនស្សវេទនាកើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ សោមនស្សិន្ទ្រិយនោះ ក៏រលត់ទៅ សោមនស្សិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះរលត់ផស្សៈ ជាបច្ច័យនៃសោមនស្សវេទនានោះឯង។
[២៧៦] ម្នាលភិក្ខុទាំងឡាយ ទោមនស្សិន្ទ្រិយ រមែងកើតឡើង ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យ នៃទោមនស្សវេទនា។ បុគ្គលនោះ កាលបើតូចចិត្ត ក៏រមែងដឹងច្បាស់ថា អាត្មាអញ ជាអ្នកតូចចិត្ត រមែងដឹងច្បាស់ថា ទោមនស្សិន្ទ្រិយឯណា កើតឡើងហើយ ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យ នៃទោមនស្សវេទនាកើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ ទោមនស្សិន្ទ្រិយនោះ ក៏រលត់ទៅ ទោមនស្សិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះរលត់ផស្សៈ ជាបច្ច័យ នៃទោមនស្សវេទនានោះឯង។
ID: 636852611169786383
ទៅកាន់ទំព័រ៖