ព្រះត្រៃបិដក ភាគ ៣៨
[២៨១] ម្នាលភិក្ខុទាំងឡាយ ទោមនស្សិន្ទ្រិយ រមែងកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា ទោមនស្សិន្ទ្រិយនេះ កើតឡើងហើយ ដល់អាត្មាអញ ទោមនស្សិន្ទ្រិយនោះឯង ប្រកបដោយនិមិត្ត ប្រកបដោយហេតុ ប្រកបដោយសង្ខារ ប្រកបដោយបច្ច័យ ឯទោមនស្សិន្ទ្រិយនោះ មិនមាននិមិត្ត មិនមានហេតុ មិនមានសង្ខារ មិនមានបច្ច័យ នឹងកើតឡើង ហេតុនុ៎ះ មិនមានទេ។ ភិក្ខុនោះ រមែងដឹងច្បាស់ នូវទោមនស្សិន្ត្រិយផង ដឹងច្បាស់ នូវហេតុកើតឡើង នៃទោមនស្សិន្ទ្រិយផង ដឹងច្បាស់ នូវការរលត់ទៅ នៃទោមនស្សិន្ទ្រិយផង មួយវិញទៀត ទោមនស្សិន្ទ្រិយ កើតឡើងក្នុងទីឯណា រមែងរលត់ទៅ ឥតមានសេសសល់ ក៏ដឹងច្បាស់ នូវទីនោះផង។ ចុះទោមនស្សិន្ទ្រិយ កើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅ ឥតមានសេសសល់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះស្ងប់ស្ងាត់ នៃវិតក្កៈ និងវិចារៈ រមែងចូលកាន់ទុតិយជ្ឈាន មានសេចក្តីជ្រះថ្លាខ្លាំង ក្នុងសន្តាន មានភាពនៃចិត្ត ដ៏ខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន។ ទោមនស្សិន្ទ្រិយ កើតឡើង ក្នុងទុតិយជ្ឈាននេះ តែងរលត់ទៅ ឥតមានសេសសល់។
ID: 636852612080478471
ទៅកាន់ទំព័រ៖