ព្រះត្រៃបិដក ភាគ ៣៨
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ដឹងច្បាស់ នូវការរលត់ទៅ នៃទោមនស្សិន្ទ្រិយ ប្រមូលមកនូវចិត្ត ដើម្បីសេចក្តីពិត។
[២៨២] ម្នាលភិក្ខុទាំងឡាយ ចំណែកសុខិន្ទ្រិយ រមែងកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា សុខិន្ទ្រិយនេះ កើតឡើងហើយ ដល់អាត្មាអញ សុខិន្ទ្រិយនោះឯង ប្រកបដោយនិមិត្ត ប្រកបដោយហេតុ ប្រកបដោយសង្ខារ ប្រកបដោយបច្ច័យ ឯសុខិន្ទ្រិយនោះ មិនមាននិមិត្ត មិនមានហេតុ មិនមានសង្ខារ មិនមានបច្ច័យ នឹងកើតឡើង ហេតុនុ៎ះ មិនមានឡើយ។ ភិក្ខុនោះ ក៏ដឹងច្បាស់ នូវសុខិន្ទ្រិយផង ដឹងច្បាស់ នូវហេតុកើតឡើង នៃសុខិន្ទ្រិយផង ដឹងច្បាស់នូវការរលត់ទៅ នៃសុខិន្ទ្រិយផង មួយវិញទៀត សុខិន្ទ្រិយកើតឡើង ក្នុងទីឯណា រមែងរលត់ទៅ ឥតមានសេសសល់ ក៏ដឹងច្បាស់ នូវទីនោះផង។ ចុះសុខិន្ទ្រិយ កើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះនឿយណាយ ចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលនូវសុខ ដោយនាមកាយផង
ID: 636852612332372879
ទៅកាន់ទំព័រ៖