ព្រះត្រៃបិដក ភាគ ៣៨
[២៨៧] អើ អានន្ទ ពាក្យនុ៎ះមែនហើយ ជរាធម៌ រមែងមាននៅត្រង់អវយវៈ ដែលកំពុងចំរើន ព្យាធិធម៌ មាននៅត្រង់ការដែលមិនមានរោគ មរណធម៌ ក៏មាននៅត្រង់ជីវិត។ ឆវិវណ្ណ (របស់តថាគត) មិនបរិសុទ្ធផូរផង់ដូចមុនទេ ទាំងអង្គាវយវៈ ក៏ថូរជ្រាយ មានស្បែកជ្រួញជ្រីវ កាយក៏ទន់ទោរ ការប្រែប្រួល នៃឥន្ទ្រិយទាំងឡាយ គឺចក្ខុន្រ្ទិយ សោតិន្ទ្រិយ ឃានិន្ទ្រិយ ជីវ្ហិន្ទ្រិយ កាយិន្ទ្រិយ ក៏ឃើញប្រាកដមែន។ ព្រះដ៏មានព្រះភាគ បានត្រាស់ភាសិតនេះហើយ លុះព្រះសុគត ទ្រង់ត្រាស់ភាសិតនេះរួចហើយ ទើបព្រះសាស្តា ត្រាស់គាថានេះ តទៅទៀតដូច្នេះ
[២៨៨] ថ្វឺយសរីរៈនោះ រមែងមានក្នុងកាលដែលចាស់អាក្រក់ ក្នុងកាលដែលជរា ធ្វើឲ្យមានសម្បុរអាក្រក់ អត្តភាពជាទីត្រេកអរនៃចិត្ត ក៏ត្រូវជរាគ្របសង្កត់ដោយពិត។ ពួកសត្វទាំងអស់ មានមច្ចុប្រព្រឹត្តទៅខាងមុខ ទោះជនឯណា រស់នៅអស់ ១០០ ឆ្នាំក្តី ជននោះ ចៀសវាងនូវមច្ចុតិចតួច ក៏ពុំរួច មច្ចុ តែងញំាញី នូវសត្វទាំងអស់ ឥតសល់ឡើយ។
ID: 636852613679899953
ទៅកាន់ទំព័រ៖