ព្រះត្រៃបិដក ភាគ ៣៨
[២៨៩] សាវត្ថីនិទាន។ គ្រាននោះឯង ឧណ្ណាភព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧណ្ណាភព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា
[២៩០] បពិត្រព្រះគោតមដ៏ចំរើន ឥន្ទ្រិយ ៥យ៉ាងនេះ មានវិស័យផ្សេងៗគ្នា មានអារម្មណ៍ផ្សេងៗគ្នា រមែងមិនទទួលនូវអារម្មណ៍ និងវិស័យ នៃគ្នានឹងគ្នាឡើយ។ ឥន្ទ្រិយ ៥ យ៉ាង គឺអ្វីខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១។ បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វី ជាទីពឹង របស់ឥន្ទ្រិយ ទាំង ៥ យ៉ាងនេះ ដែលមានវិស័យផ្សេងៗគ្នា មានអារម្មណ៍ផ្សេងៗគ្នា មិនទទួលនូវអារម្មណ៍ និងវិស័យនៃគ្នានិងគ្នា ចុះសភាវៈដូចម្តេច រមែងទទួលនូវអារម្មណ៍ និងវិស័យនៃឥន្ទ្រិយទាំងនេះ។
ID: 636852614012848997
ទៅកាន់ទំព័រ៖