ព្រះត្រៃបិដក ភាគ ៣៨
[២៩៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃអញ្ជ័ន ជាទីឲ្យអភ័យដល់ម្រឹគ ទៀបនគរសាកេត។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ ឯណា ឥន្ទ្រិយ ៥ នោះ គឺពលៈ ៥ ពលៈ ៥ ឯណា ពលៈ ៥ នោះ គឺឥន្ទ្រិយ ៥ ព្រោះអាស្រ័យបរិយាយឯណា បរិយាយនោះ មានដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់យើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាឫសគល់ មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ សូមអារាធនា សូមព្រះដ៏មានព្រះភាគ បំភ្លឺសេចក្តី នៃភាសិតនុ៎ះឲ្យទាន បើពួកភិក្ខុ បានស្តាប់ព្រះវាចា របស់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំបាន។ បេ។
[២៩៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ ឯណា ឥន្ទ្រិយ ៥ នោះ ក៏គឺពលៈ ៥ ពលៈ ៥ ឯណា ពលៈ ៥ នោះ ក៏គឺឥន្ទ្រិយ ៥ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះ មានដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះឥន្ទ្រិយ ៥ ឯណា ឥន្ទ្រិយ ៥ នោះ ក៏គឺពលៈ ៥ ពលៈ ៥ ឯណា ពលៈ នោះ ក៏គឺឥន្ទ្រិយ ៥ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះ តើដូចម្តេច។
ID: 636852614911020369
ទៅកាន់ទំព័រ៖