ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣៤០​]​ ​ម្នាល​សារីបុត្ត​ ​ប្រពៃ​ហើយ​ៗ​ ​ម្នាល​សារីបុត្ត​ ​អរិយ​សាវក​ឯណា​ ​ជ្រះថ្លា​ ​តាំងនៅ​មាំមួន​ ​ចំពោះ​ព្រះ​តថាគត​ ​អរិយ​សាវក​នោះ​ ​មិន​គប្បី​ងឿងឆ្ងល់​ ​ឬ​សង្ស័យ​ ​ចំពោះ​ព្រះ​តថាគត​ ​និង​ចំពោះ​សាសនា​ ​នៃ​ព្រះ​តថាគត​ឡើយ​។​ ​ម្នាល​សារីបុត្ត​ ​ព្រោះថា​ ​អរិយ​សាវក​ ​អ្នកមាន​សទ្ធា​ ​នឹង​នឹក​សង្ឃឹម​នូវ​ហេតុ​នុ៎ះ​ ​ជា​ប្រាកដ​ ​គឺ​នឹង​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​អកុសលធម៌​ទាំងឡាយ​ ​ដើម្បី​បំពេញ​ ​នូវ​កុសលធម៌​ទាំងឡាយ​ ​ជា​អ្នកមាន​កម្លាំងចិត្ត​ ​មាន​សេចក្តី​ប្រឹងប្រែង​មាំមួន​ ​មិន​ដាក់ធុរៈ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​
 ​[​៣៤១​]​ ​ម្នាល​សារីបុត្ត​ ​ព្រោះថា​ ​វីរិយ​ឯណា​ ​របស់​អរិយ​សាវក​នោះ​ ​វីរិយ​នោះ​ ​ឈ្មោះថា​ ​វីរិយិ​ន្ទ្រិយ​ ​របស់​លោក​។​ ​ម្នាល​សារីបុត្ត​ ​ដ្បិត​អរិយ​សាវក​ ​អ្នកមាន​សទ្ធា​ ​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​នឹង​នឹក​សង្ឃឹម​ ​នូវ​ហេតុ​នុ៎ះ​ជា​ប្រាកដ​ ​គឺជា​អ្នកមាន​ស្មារតី​ ​ប្រកបដោយ​ប្រាជ្ញា​ចាស់​ក្លា​ ​ដ៏​ប្រសើរ​ ​តែង​នឹក​បាន​ ​ចាំ​បាន​ ​នូវ​អំពើ​ ​ដែល​ធ្លាប់ធ្វើ​មក​ជា​យូរហើយ​ផង​ ​នូវ​ពាក្យសំដី​ ​ដែល​ធ្លាប់​និយាយ​មក​ជា​យូរហើយ​ផង​។​
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636852619591598083
ទៅកាន់ទំព័រ៖