ព្រះត្រៃបិដក ភាគ ៣៨
[៣៥២] ម្នាលភិក្ខុទាំងឡាយ ផ្ទះមានកំពូលដែលគេមិនទាន់លើកកំពូលត្រឹមណា បង្កង់ទាំងឡាយ ក៏មិនទាន់ស្ថិតនៅត្រឹមនោះ បង្កង់ទាំងឡាយ មិនទាន់ស្ថិតនៅស៊ប់ត្រឹមនោះ។ ម្នាលភិក្ខុទាំងឡាយ លុះតែផ្ទះមានកំពូល ដែលគេលើកកំពូលឡើងកាលណា ទើបបង្កង់ទាំងឡាយ ស្ថិតនៅកាលនោះ បង្កង់ទាំងឡាយ ស្ថិតនៅស៊ប់កាលនោះឯង ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ អរិយញ្ញាណ មិនទាន់កើតឡើង ដល់អរិយសាវកត្រឹមណា ឥន្ទ្រិយទាំង ៤ ក៏មិនទាន់ស្ថិតនៅត្រឹមនោះ ឥន្ទ្រិយទាំង៤ មិនទាន់ស្ថិតនៅស៊ប់ត្រឹមនោះ។ ម្នាលភិក្ខុទាំងឡាយ លុះតែអរិយញ្ញាណកើតឡើង ដល់អរិយសាវកកាលណា ទើបឥន្ទ្រិយទាំង ៤។បេ។ ស្ថិតនៅស៊ប់កាលនោះ។ ឥន្ទ្រិយទាំង ៤ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ ក៏ដូច្នោះឯង។
[៣៥៣] ម្នាលភិក្ខុទាំងឡាយ សទ្ធារបស់អរិយសាវក អ្នកមានប្រាជ្ញា ដ៏សមគួរដល់ប្រាជ្ញានោះ ទើបស្ថិតនៅបាន វីរិយៈ ដ៏សមគួរដល់សទ្ធានោះ ទើបស្ថិតនៅបាន សតិដ៏សមគួរ ដល់វីរិយៈនោះ ទើបស្ថិតនៅបាន សមាធិដ៏សមគួរ ដល់សតិនោះ ទើបស្ថិតនៅបាន។
ID: 636852621119305463
ទៅកាន់ទំព័រ៖