ព្រះត្រៃបិដក ភាគ ៣៨
[៣៥៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខបុគ្គល រមែងដឹងច្បាស់ នូវឥន្ទ្រិយទាំង ៥ គឺសទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ភិក្ខុជាសេក្ខបុគ្គល មិនទាន់បានប៉ះពាល់ នូវគតិដ៏ប្រសើរ និងផលដែលជាទីបំផុត ដោយកាយនៅឡើយទេ គ្រាន់តែពិចារណាឃើញ ធ្លុះធ្លាយដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គល ស្ថិតនៅក្នុងសេក្ខភូមិ អាស្រ័យបរិយាយនេះឯង ទើបដឹងច្បាស់ថា អាត្មាអញ ជាសេក្ខបុគ្គល។
[៣៥៩] ចុះភិក្ខុជាអសេក្ខបុគ្គល ស្ថិតនៅក្នុងអសេក្ខភូមិ អាស្រ័យបរិយាយដូចម្តេច ទើបដឹងច្បាស់ថា អាត្មាអញ ជាអសេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអសេក្ខបុគ្គល ក្នុងសាសនានេះ រមែងដឹងច្បាស់ នូវឥន្ទ្រិយ ទាំង ៥ គឺសទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ភិក្ខុជាអសេក្ខបុគ្គល រមែងបានប៉ះពាល់ នូវគតិដ៏ប្រសើរ និងផល ដែលជាទីបំផុត ដោយកាយផង ពិចារណាឃើញ ធ្លុះធ្លាយដោយប្រាជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអសេក្ខបុគ្គល ស្ថិតនៅក្នុងអសេក្ខភូមិ អាស្រ័យបរិយាយនេះឯង ទើបដឹងច្បាស់ថា អាត្មាអញ ជាអសេក្ខបុគ្គល។
ID: 636852621851957368
ទៅកាន់ទំព័រ៖