ព្រះត្រៃបិដក ភាគ ៣៨
[៣៦៨] ម្នាលភិក្ខុទាំងឡាយ ចុះអប្បមាទ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រក្សាចិត្តក្នុងអាសវៈទាំងឡាយ និងក្នុងធម៌ទាំងឡាយ ដែលប្រកបដោយអាសវៈ។ កាលភិក្ខុនោះ រក្សាចិត្តក្នុងអាសវៈទាំងឡាយ និងក្នុងធម៌ ដែលប្រកបដោយអាសវៈទាំងឡាយ
(១) សទ្ធិន្ទ្រិយ ក៏ដល់នូវការពេញលេញ ដោយភាវនា វីរិយិន្ទ្រិយ ក៏ដល់នូវការពេញលេញ ដោយភាវនា សតិន្ទ្រិយ ក៏ដល់នូវការពេញលេញ ដោយភាវនា សមាធិន្ទ្រិយ ក៏ដល់នូវការពេញលេញ ដោយភាវនា បញ្ញិន្ទ្រិយ ក៏ដល់នូវការពេញលេញ ដោយភាវនា។
[៣៦៩] ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯងហើយ ឥន្ទ្រិយទាំង ៥ ជាឥន្ទ្រិយ ដែលភិក្ខុស្ថិតនៅក្នុងធម៌មួយ ទើបចំរើនដោយប្រពៃបាន។
[៣៧០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ បានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅនា អជបាលនិគ្រោធ ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ គ្រានោះ ព្រះដ៏មានព្រះភាគ
(១) ប្រារព្ធចំពោះចិត្ត ដែលប្រព្រឹត្តនៅក្នុងភូមិ ៣ ឃាត់នូវអាសវៈមិនឲ្យកើតឡើងបាន ឈ្មោះថា រក្សាចិត្ត ក្នុងអាសវៈ និងក្នុងធម៌ ដែលប្រកបដោយអាសវៈ។ អដ្ឋកថា។
ID: 636852622951830277
ទៅកាន់ទំព័រ៖