ព្រះត្រៃបិដក ភាគ ៣៨
[៣៧៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងគូហា ឈ្មោះសូករខាតៈ នាភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត ភិក្ខុជាខីណាស្រព ពិចារណាឃើញ នូវអំណាចប្រយោជន៍ ដូចម្តេច ទើបប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនារបស់ព្រះតថាគតផង ។
[៣៧៦] បពិត្រព្រះអង្គដ៏ចំរើន ព្រោះតែភិក្ខុជាខីណាស្រព ពិចារណាឃើញព្រះអរហត្ត ដ៏ប្រសើរ ដែលក្សេមចាកយោគៈដោយពិត ទើបប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនា របស់ព្រះតថាគតផង។
[៣៧៧] ម្នាលសារីបុត្ត ប្រពៃហើយៗ ម្នាលសារីបុត្ត ព្រោះតែភិក្ខុជាខីណាស្រព ពិចារណាឃើញព្រះអរហត្ត ដ៏ប្រសើរ ដែលក្សេមចាកយោគៈដោយពិត ទើបប្រព្រឹត្ត ធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនា របស់ព្រះតថាគតផង។
ID: 636852623844041309
ទៅកាន់ទំព័រ៖