ព្រះត្រៃបិដក ភាគ ៣៨
[២៧] ម្នាលភិក្ខុទាំងឡាយ ដូចអ្នកចំអិនភត្ត ជាអ្នកល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ ផ្គត់ផ្គង់នូវព្រះរាជា ឬមហាមាត្យរបស់ព្រះរាជា ដោយម្ហូបទាំងឡាយ មានចំណែកប្លែកៗ គឺមានឱជារសជូរខ្លះ មានឱជារសល្វីងខ្លះ មានឱជារសហឺរខ្លះ មានឱជារសផ្អែមខ្លះ មានឱជារសខារខ្លះ មានឱជារសមិនខារខ្លះ មានឱជារសប្រៃខ្លះ មានឱជារសមិនប្រៃខ្លះ។ ម្នាលភិក្ខុទាំងឡាយ ជនអ្នកចំអិននូវភត្តនោះឯង ជាអ្នកល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ មិនរៀននូវវិធីចំអិនភត្ត របស់ខ្លួនថា ថ្ងៃនេះ ភត្ត និងម្ហូបបែបនេះ ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជា ទ្រង់លាព្រះហស្ត ទទួលភត្ត និងម្ហូបបែបនេះក្តី ទ្រង់ទទួលហើយទទួលទៀត នូវភត្ត និងម្ហូបបែបនេះក្តី ទ្រង់ពោលសរសើរម្ហូបបែបនេះក្តី ថ្ងៃនេះ ភត្ត និងម្ហូបមានឱជារសជូរ ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជា ទ្រង់លាព្រះហស្ត ទទួលនូវភត្ត និងម្ហូបមានឱជារសជូរក្តី ទ្រង់ទទួលហើយ ទទួលទៀតនូវភត្ត និងម្ហូបមានឱជារសជូរក្តី
ID: 636852238480289763
ទៅកាន់ទំព័រ៖