ព្រះត្រៃបិដក ភាគ ៣៨
[៣៨៣] ម្នាលសារីបុត្ត ប្រពៃហើយ ៗ ម្នាលសារីបុត្ត មែនហើយ ភិក្ខុជាខីណាស្រព ដែលមានសេចក្តីកោតក្រែង ដ៏ប្រសើរ រមែងប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនា របស់ព្រះតថាគតផង យ៉ាងនុ៎ះឯង។
[៣៨៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ ប្រការនេះ ដែលមិនទាន់កើត បើបុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងកើតឡើង តែមិនមែនកើតឡើង ក្នុងកាលដទៃ អំពីកាលជាទីកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធទេ។ ឥន្ទ្រិយ ៥ តើអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយទាំង ៥ នេះឯង ដែលមិនទាន់កើត បើបុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងកើតឡើង តែមិនមែនកើតឡើង ក្នុងកាលដទៃ អំពីកាលជាទីកើត នៃព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធទេ។
ID: 636852624621625784
ទៅកាន់ទំព័រ៖