ព្រះត្រៃបិដក ភាគ ៣៨
[៣៨៥] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ ដែលមិនទាន់កើត បើបុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងកើតឡើង តែមិនមែនកើតឡើង ក្នុងកាលដទៃ អំពីវិន័យ របស់ព្រះសុគតទេ។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយទាំង ៥ នេះឯង ដែលមិនទាន់កើត បើបុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងកើតឡើង តែមិនមែនកើតឡើង ក្នុងកាលដទៃ អំពីវិន័យរបស់ព្រះសុគតទេ។
ចប់ សូករខាតវគ្គ ទី ៦។
ឧទ្ទាននៃសូករខាតវគ្គនោះគឺ
និយាយអំពីព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដែនកោសល ១ ក្នុងមល្លកជនបទ ១ អំពីភិក្ខុជាសេក្ខបុគ្គល ១ អំពីស្នាមជើងដំរី ១ អំពីក្លិនខ្លឹមចន្ទន៍ ១ អំពីភិក្ខុស្ថិតនៅក្នុងធម៌ រមែងញុំាងឥន្ទ្រិយទាំង ៥ ឲ្យចំរើន ១ អំពីសហម្បតិព្រហ្ម ១ អំពីព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសូករខាតគូហា ១ អំពីការកើតឡើង នៃឥន្ទ្រិយ ២ លើកដទៃទៀត។
ID: 636852624886280921
ទៅកាន់ទំព័រ៖