ព្រះត្រៃបិដក ភាគ ៣៨
[៣៩៨] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកទេវតាជាន់តាវត្តឹង្ស មានតែដើមបារិច្ឆត្តកព្រឹក្ស ប្រាកដជាប្រសើរជាងដើមឈើទាំងនោះ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ។
[៣៩៩] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកអសុរ មានតែដើមច្រនៀង ប្រាកដជាប្រសើរជាងដើមឈើទាំងនោះ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ។
[៤០០] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង សទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។បេ។ បញ្ញិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង បញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។
ID: 636852626547205921
ទៅកាន់ទំព័រ៖