ព្រះត្រៃបិដក ភាគ ៣៨
[៤១៤] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវសម្មប្បធាន ៤ ធ្វើឲ្យច្រើន នូវសម្មប្បធាន ៤ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនោះដែរ។
[៤១៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវសម្មប្បធាន ៤ ធ្វើឲ្យច្រើននូវសម្មប្បធាន ៤ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង ១។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់ នូវធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែលកើតឡើងហើយ ១។
ID: 636852628866908600
ទៅកាន់ទំព័រ៖