ព្រះត្រៃបិដក ភាគ ៣៨
ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវពលៈ ៥ ធ្វើឲ្យច្រើន នូវពលៈ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។
[៤២៥] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើនេះ មាន ៥។ ចុះសញ្ញោជនៈ ជាចំណែកខាងលើ ៥ គឺអ្វីខ្លះ។ គឺរូបរាគ ១ អរូបរាគ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើ មាន ៥ នេះឯង។
[៤២៦] មា្នលភិក្ខុទាំងឡាយ ពលៈ ៥ បុគ្គលគួរចំរើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។ ពលៈ ៥ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសទ្ធាពលៈ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីកិរិយាលះបង់ ចំរើននូវវិរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីកិរិយាលះបង់។ ម្នាលភិក្ខុទាំងឡាយ ពលៈ ៥ នេះ បុគ្គលគួរចំរើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។
ID: 636852631036332684
ទៅកាន់ទំព័រ៖