ព្រះត្រៃបិដក ភាគ ៣៨
[៤២៧] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គាមានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចំរើននូវពលៈ ៥ ធ្វើឲ្យច្រើននូវពលៈ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏ដូច្នោះដែរ។
[៤២៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុចំរើននូវពលៈ ៥ ធើ្វឲ្យច្រើន នូវពលៈ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសទ្ធាពលៈ មានកិរិយាកំចាត់បង់ នូវរាគៈជាទីបំផុត មានកិរិយាកំចាត់បង់ នូវទោសៈជាទីបំផុត មានកិរិយាកំចាត់បង់ នូវមោហៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចំរើននូវពលៈ ៥ ធ្វើឲ្យច្រើន នូវពលៈ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។ (បាលីសំដែងអំពីការស្វែងរក មានកិរិយាកំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់ នូវទោសៈ ជាទីបំផុត កំចាត់បង់ នូវមោហៈជាទីបំផុត បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនេះចុះ)។
ID: 636852631254265149
ទៅកាន់ទំព័រ៖