ព្រះត្រៃបិដក ភាគ ៣៨
[៤៣៩] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយ ក្នុងអតីតកាល បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញា ដ៏ក្រៃលែងខ្លួនឯង ក្នុងអត្តភាព ដ៏ជាក់ស្តែង ភិក្ខុទាំងអស់នោះ ក៏បានសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយ ក្នុងអនាគតកាល នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញា ដ៏ក្រៃលែងខ្លួនឯង ក្នុងអត្តភាព ដ៏ជាក់ស្តែង ភិក្ខុទាំងអស់នោះ នឹងសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយ ក្នុងកាលឥឡូវនេះ កំពុងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញា ដ៏ក្រៃលែងខ្លួនឯង ក្នុងអត្តភាព ដ៏ជាក់ស្តែង ភិក្ខុទាំងអស់នោះ សម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗនូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។
ID: 636852633363265777
ទៅកាន់ទំព័រ៖