ព្រះត្រៃបិដក ភាគ ៣៨

 ​[​៤៦៤​]​ ​កាល​ភិក្ខុ​បាន​ចំរើន​ឥទ្ធិបាទ​ទាំង​ ​៤​ ​យ៉ាងនេះ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​ ​(​នោះ​)​ ​រមែង​បានសម្រេច​ឫទ្ធិ​ច្រើនប្រការ​ ​គឺ​តែម្នាក់​ ​ប្លែង​ទៅជា​ច្រើន​នាក់​ក៏បាន​ ​ឬ​ច្រើន​នាក់​ ​ប្លែង​ឲ្យ​មក​តែម្នាក់​វិញ​ក៏បាន​ ​នៅក្នុង​ទី​កំបាំង​ ​ដើរទៅ​ក្នុង​ទីវាល​ក៏បាន​ ​នៅ​ខាងក្នុង​ ​ដើរទៅ​ខាងក្រៅ​ក៏បាន​ ​នៅ​ខាងក្នុង​ជញ្ជាំង​ ​ដើរទៅ​ខាងក្រៅ​ជញ្ជាំង​ ​(​ដោយ​ឥត​ទ្វារ​ឥត​ផ្លូវ​)​ ​ក៏បាន​ ​នៅ​ខាងក្នុង​កំពែង​ ​ដើរទៅ​ខាងក្រៅ​កំពែង​ក៏បាន​ ​នៅ​ខាងក្នុង​ភ្នំ​ ​ដើរទៅ​ខាងក្រៅ​ភ្នំ​វិញ​ក៏បាន​ ​ឥតមាន​ទើស​ ​ដូច​គេ​ដើរ​ក្នុង​ទីវាល​ ​មុជ​ងើប​ក្នុង​ផែនដី​ ​ដូច​គេ​មុជ​ងើប​ក្នុងទឹក​ក៏បាន​ ​ដើរ​លើទឹក​ឥតមាន​បែកធ្លាយ​ ​ដូច​គេ​ដើរ​លើ​ផែនដី​ក៏បាន​ ​ហោះ​ទៅ​ព្ធដ៏​អាកាស​ទាំង​ភ្នែន​ ​ដូចជា​បក្សី​សគុណ​ជាតិ​ក៏បាន​ ​យកដៃ​ទៅ​ស្ទាបអង្អែល​ព្រះចន្ទ្រ​ ​ព្រះអាទិត្យ​ទាំងនេះ​ ​ដែល​ ​មាន​ឫទ្ធិ​ធំ​យ៉ាងនេះ​ ​មាន​អានុភាព​ធំ​យ៉ាងនេះ​ក៏បាន​ ​ហោះ​ទៅ​ទាំង​អំណាច​ខ្លួន​ ​រហូតដល់​ព្រហ្មលោក​ក៏បាន​។​
 [​៤៦៥​]​ ​កាលបើ​ភិក្ខុ​ចំរើន​ឥទ្ធិបាទ​ទាំង​ ​៤​ ​យ៉ាងនេះ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​ ​(​នោះ​)​ ​មាន​ត្រចៀក​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ត្រចៀក​ ​របស់​មនុស្ស​ធម្មតា​ ​រមែង​ឮ​សម្លេង​ពីរ​ប្រការ​ ​គឺ​សម្លេង​ទិព្វ​ ​និង​សម្លេង​ជា​របស់​មនុស្ស​ ​ទាំង​ឆ្ងាយ​ ​ទាំង​ជិត​បាន​។​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636852638332510002
ទៅកាន់ទំព័រ៖